Monday, November 15, 2010

ប៉ុល​ ពត

ប៉ុល ពត
(ឈ្មោះដើម សាឡុត​ ស)




ប៉ុល ពត កើត​ឆ្នាំ​១៩២៥ ត្រូវ​នឹង​ឆ្នាំឆ្លូវ​ នៅ​ខេត្ត​កំពង់​ធំ។ ឪពុករបស់​ ប៉ុល​ ពត គឺ​ជា​ម្ចាស់​ដី​ស្ដុក​ស្ដម្ភ​ម្នាក់។ ប៉ុល​ ពត បាន​ទៅ​រស់​នៅ​ជាមួយ​បង​ប្រុស ដែល​ជា​មន្ត្រី​ធ្វើ​ការ​នៅ​ក្នុង ព្រះ​បរម​រាជ​វាំង នៅពេល​មាន​អាយុ​បាន​ប្រាំ​ឆ្នាំ។ នៅ​ភ្នំពេញ ប៉ុល​ ពត បាន​សិក្សា​រៀន​សូត្រនៅ​តាម​សាលា​បារាំង​ជា​ច្រើន ហើយ​បាន​បួស​ជា​លោក​នេន។

នៅ​ឆ្នាំ​១៩៤៩ ប៉ុល​ ពត បាន​ទទួល​អាហារូបករណ៍ទៅ​សិក្សានៅ​ប្រទេស​បារាំង ប៉ុន្តែមិន​បាន​ទទួល​សញ្ញាប័ត្រ​ទេ។ ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​រៀន​សូត្រ​នៅ​ក្រុង​ប៉ារីស ប៉ុល ពត​បាន​ក្លាយ​ទៅ​ជា​សមាចិក​បក្ស​កុម្មុយនីស្ត​បារាំង ហើយ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​ទៅលើសកម្មភាព​នយោបាយ។ នៅ​ពេល​ ប៉ុល ពត​ ត្រឡប់​មក​ប្រទេស​កម្ពុជាវិញនៅ​ឆ្នាំ​១៩៥៣ ប៉ុល ពត​បាន​បង្រៀន​ប្រវត្ដិវិទ្យា និង​ភូមិវិទ្យា នៅសាលា​ឯកជន​ ហើយ​បាន​ចូល​រួម​ជាមួយ​ចលនាកុម្មុយនីស្ត​ខុស​ច្បាប់​មួយ។ ប៉ុល ពត​រៀបការ​ជាមួយ ខៀវ​ ប៉ុណ្ណារី​ នៅ​ឆ្នាំ ១៩៥៦។ នៅ​ឆ្នាំ ១៩៦០​ប៉ុល ពត មាន​ឋានៈ​ទីបី​នៅ​ក្នុង​បក្ស​ពលករ​កម្ពុជា។ ប៉ុល ពត​ ត្រូវ​បាន​ចាត់​តាំង ជាអនុលេខា​បក្សទីពីរ​ក្នុង​ឆ្នាំ​១៩៦១ និង​ជា​លេខា​បក្ស​ក្នុង​ឆ្នាំ​១៩៦៣។ ក្រោយ​មក​ ប៉ុល ពត បាន​ដឹក​នាំ​កង​ទ័ព​ខ្មែរ​ក្រហម​ធ្វើ​សង្រ្គាម​ប្រឆាំង​នឹង​របប​សាធារណរដ្ឋ​ខ្មែរ​របស់​លោក​សេនា​ប្រមុខ​ លន់​ នល់​។

ប៉ុល ពត បាន​ក្លាយ​ជា​នាយក​រដ្ឋមន្រ្តី​របស់​កម្ពុជា​ប្រជា​ធិបតេយ្យ​ក្នុង​ឆ្នាំ១៩៧៦ ហើយ​បាន​លា​លែង​ពី​តំណែងនេះ​នៅ​ឆ្នាំ ១៩៧៩ ប៉ុន្តែ​បាន​បន្ត​ស្ថិត​នៅ​ជា​មេ​ដឹក​នាំ​ដ៏​មាន​ឥទ្ធិពល​របស់​ខ្មែរ​ក្រហម​ដដែល។ ប៉ុល​ ពត រស់​នៅ​និរទេស​ខ្លួន​ភាគ​ច្រើន​នៅ​លើ​ទឹក​ដី​ថៃ​ រហូត​ដល់​ថ្ងៃ​ទទួល​មរណភាព​គឺនៅ​ថ្ងៃទី​១៥ ខែ​មេសា ឆ្នាំ​១៩៩៨។ សាក​សព​របស់​ ប៉ុល ពត ត្រូវ​បាន​បូជានៅ​ថ្ងៃ​ទី ១៧ ខែ​មេសា ឆ្នាំ​១៩៩៨។

ដក​ស្រង់​ពី​សៀវ​ភៅ ប្រវត្តិសាស្រ្ដ​កម្ពុជា​ប្រជា​ធិបតេយ្យ (១៩៧៥-១៩៧៩) ដោយ​ឌី​ ខាំបូលី
មជ្ឈមណ្ឌល​ឯក​សារ​កម្ពុជា​២០០៧

1 comment: